Friday, January 12, 2024

ចាប់ខ្លួនជនសង្ស័យគ្រឿងញៀន០៥នាក់ នៅក្រុងបាវិត រកឃើញអាវុធជាច្រើនដើម និងគ្រឿងញៀនជាង០២គីឡូក្រាម


ស្វាយរៀង៖ កម្លាំងជំនាញផែននគរបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធ គ្រាប់រំសេវដោយគ្មានការអនុញ្ញាត នៅចំណុចអាគារជួលស្នាក់នៅ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់ បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ក្នុងប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី០៥-០៦ ខែមករា ឆ្នាំ២០២៤។


នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចបានបង្ហាញមុខជនសង្ស័យទាំងនេះ។ សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាតិនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៥នាក់ (ជនជាតិចិនតៃវ៉ាន់) និងចាប់យកវត្ថុតាង ថ្នាំញៀនប្រភេទកេតាមីន ចំនួន១៥កញ្ចប់ ទម្ងន់ ២២៤៥,០៦ក្រាម(០២គីឡូ២៤៥,០៦ក្រាម), ថ្នាំញៀនគ្រាប់ប្រភេទអ៊ិចស្តាស៊ី ទម្ងន់ ៣៩,០១ក្រាម, ជញ្ជីងថ្លឹងថ្នាំញៀន ០៤គ្រឿង, អាវុធវែង០១ដើម គ្រាប់ ៩៥គ្រាប់ បង់០២, អាវុធខ្លី០២ដើម និង៨៣៣គ្រាប់ បង់០៥ បំពង់ផ្ទប់សម្លេង០២ដើម, ទូរស័ព្ទដៃ ៣១គ្រឿង, ឡេបថប ០១គ្រឿង, លិខិតឆ្លងដែន ១៩ក្បាល, ប្រាក់ដុល្លារ ២០០០ដុល្លារ, រថយន្ត ០២គ្រឿង ព្រមទាំងឧបករណ៍ សម្ភារៈមួយចំនួនទៀត។


បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

No comments:

Post a Comment