Saturday, March 4, 2023

គ្រូ U-20 នារីកម្ពុជា ដាក់គោលដៅចង់នាំក្រុមឲ្យឆ្លងផុតជុំទី ១ AFC នៅលើទឹកដីខ្លួនឯង

លោក ប្រាក់ វុទ្ធី គ្រូបង្វឹក នៃ​ក្រុម​ជម្រើសជាតិ​នារី​កម្ពុជា អាយុ​ក្រោម ២០ ឆ្នាំ បានដាក់​គោលដៅ​ចង់​នាំ​ក្រុម​ឲ្យ​ឆ្លង​ផុត​វគ្គ​ជម្រុះ ជុំ​ទី ១ ពានរង្វាន់​បាល់ទាត់​នារី​ប្រចាំ​ទ្វីប​អាស៊ី អាយុ​ក្រោម ២០ ឆ្នាំ (AFC U-20 Women Asian Cup 2024 Qualifiers Round) នៅ​លើ​ទឹកដី​ខ្លួនឯង​។


លោក ប្រាក់ វុទ្ធី បាន​ឲ្យ​ដឹងថា ការប្រមូលផ្ដុំ​របស់​ក្រុមបាល់ទាត់​នារី​អាយុ​ក្រោម ២០ ឆ្នាំ បាន​ត្រៀម​លក្ខណៈ​រយៈពេល ២ សប្ដាហ៍​មក​ហើយ ហើយ​សក្ដានុពល​កីឡា​ការិនី​ទាំងអស់​គឺ​បាន​ជ្រើសរើស​ចេញ​មកពី​ក្លិប ៤ ក្នុង​នោះ​រួមមាន ខេត្ត​សៀមរាប​, ណាហ្គា​វើ​លដ៍​កំពង់ស្ពឺ​, វិសាខា និង​បឹងកេត​។


គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​នារី​ឈុត​ធំ រូបនេះ​បានបញ្ជាក់​បន្ថែមទៀតថា «​សក្ដានុពល​កីឡាការិនី​របស់​យើង​មួយចំនួន​គាត់​ធ្លាប់មាន​បទពិសោធ​ចូលរួម​លេង​នៅលើ​ឆាក​អន្តរជាតិ​ដូចជា AFF womens’ U-18 នៅ​ឥណ្ឌូណេស៊ី ឆ្នាំ ២០២២ ដែល​មួយចំនួនទៀត​ជ្រើសរើស​បញ្ចូល​ថ្មី ការរៀបចំ​នេះ​ដើម្បី​ជា​សក្ដានុពល​កីឡាការិនី​យក​បទពិសោធ​សម្រាប់​ការប្រកួត​បន្ទាប់​ផង និង​មានបំណង​បង្ហាញ​សមត្ថភាព​របស់​យើង​នៅក្នុង​ពាន AFC ក្នុងពេល​ខាងមុខ​ផងដែរ​»​។


«យើង​មាន​គោលដៅ និង​ឆន្ទៈ​រួចហើយ យើង​នឹង​ប្រឹងប្រែង​ឲ្យ​អស់​ពី​លទ្ធភាព សម្រាប់​ការប្រកួត AFC នៅក្នុង​ទឹកដី​យើង​ជា​លើកដំបូង ធ្វើយ៉ាងណា​ឲ្យ​ក្រុម​យើង​បាន​ឆ្លង​ផុត​នៅ​ជុំ​ទី ១ នេះ​ជា​គោលដៅ និង​ឆន្ទៈ​របស់​យើង ថ្វីដ្បិតតែ​យើង​មានការ​រៀបចំ​រយៈពេល​មិន​ច្រើន ក៏ប៉ុន្តែ​សកម្មភាព​ការ​ហ្វឹកហាត់​បច្ចុប្បន្ននេះ​យើង​ឃើញថា​កម្លាំងចិត្ត​កីឡាការិនី​យើង​នៅពេលនេះ​មាន​ភាព​ខ្លាំងក្លា អ៊ីចឹង​យើង​អាចមាន​ក្ដីសង្ឃឹម​មួយ​ថា​យើង​អាច​ឆ្លង​ផុត នៅក្នុង​ជុំ​ទី ១ នេះ​»។ លោក ប្រាក់ វុទ្ធី សង្កត់​ធ្ងន់​ពី​ការ​ដាក់​គោលដៅ​។


អតីត​គ្រូបង្វឹក​របស់​ក្លិប​បឹងកេត រូបនេះ​ក៏បាន​អំពាវនាវ​ដល់​អ្នក​ស្នេហា​វិស័យ​កីឡាបាល់ទាត់​ទាំងអស់​ចូលរួម​គាំទ្រ​ការប្រកួត​បាល់ទាត់​នារី ដើម្បី​ជាការ​លើកទឹកចិត្ត​។​


សូមបញ្ជាក់ថាកម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ពូ​ល G ទទួល​ក្រុម U-20 នារី​ម៉ាឡេស៊ី និង U-20 នារី​មី​យ៉ាន់​ម៉ា បន្ទាប់ពី​ក្រុម U-20 នារី​ប៉ា​គី​ស្ថាន បាន​ដកខ្លួន​ចេញពី​ការប្រកួត​កាលពីពេល​ថ្មីៗ​នេះ​។​


សម្រាប់​ការប្រកួត​គ្រោង​ធ្វើ​ពីថ្ងៃ​ទី ០៨ ខែ​មីនា ចំ​ថ្ងៃបុណ្យ​សិទ្ធិនារី​អន្តរជាតិ រហូតដល់​ថ្ងៃ​ទី ១២ ខែ​មិថុនា ឆ្នាំ ២០២៣ នា​កីឡដ្ឋាន​ស្មា​ត​អរ​អេស​អិន របស់​ក្លិប​ភ្នំពេញ​ក្រោ​ន ដើម្បី​រក​ក្រុម​ឡើងទៅ​ប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ នៅ​ឆ្នាំ ២០២៤ នា​ប្រទេស​អ៊ូ​ស​បី​គី​ស្ថាន៕

No comments:

Post a Comment