Friday, March 3, 2023

គ្មានពេលខ្ជះខ្ជាយ! គ្រូបង្វឹកថ្មីរបស់ចិន ចង់នាំក្រុមទៅលេង World Cup 2026

លោក Aleksandar Jankovic ដែល​ជា​គ្រូ​បង្វឹក​ថ្មី​របស់​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​ចិន មាន​បំណង​ដឹក​នាំ​ក្រុម​ឲ្យ​ឆ្លង​ផុត​វគ្គ​ជម្រុះ សម្រាប់​ការ​ប្រកួត​បាល់ទាត់​ពិភពលោក ឆ្នាំ ២០២៦ ដោយ​លោក​បាន​បន្ថែម​ថា ក្រុម​មាន​កន្លែង​សម្រាប់​កែលម្អ។

ទោះបី​ជា​មាន​មហិច្ឆតា​ធំ​របស់​រដ្ឋាភិបាល​សម្រាប់​ក្រុម​ក៏ដោយ ក៏​ចិន​បាន​ចូល​លេង World Cup តែម្ដង​គត់​ក្នុង​ឆ្នាំ ២០០២ នៅ​ពេល​ពួកគេ​បាន​ចាញ់​ការ​ប្រកួត​ក្នុង​ពូល​ទាំង ៣ លើក ហើយ​មិន​អាច​រក​គ្រាប់​បាល់​បាន​សូម្បី​មួយ​គ្រាប់។


ការ​ប្រកួត​បាល់ទាត់​ពិភពលោក ឆ្នាំ ២០២៦ ដែល​នឹង​ធ្វើឡើង​នៅ​សហរដ្ឋអាមេរិក ម៉ិ​ក​ស៊ិ​ក និង​កាណាដា នឹង​ក្លាយ​ជា​ការ​ប្រកួត​លើកដំបូង​ដែល​មាន​ក្រុម​ចំនួន ៤៨ ដោយមាន​ក្រុម​យ៉ាងតិច ៨ មកពី​សហព័ន្ធ​បាល់ទាត់​អាស៊ី គ្រោង​នឹង​ចូលរួម។


«ខ្ញុំ​ដឹង​ថា រាល់​ការ​ធ្វើ​ដំណើរ​ដ៏​វែងឆ្ងាយ​ចាប់ផ្ដើម​ពី​ជំហាន​តូច​មួយ។ ក្នុងនាម​ជា​គ្រូ​បង្វឹក ខ្ញុំ​ត្រូវតែ​មាន​រូបភាព​ច្បាស់លាស់​អំពី​គោលដៅ​ធំ គោលដៅ​ទូទៅ​គឺ​សម្រាប់​ការ​ប្រកួត​បាល់ទាត់​ពិភពលោក ឆ្នាំ ២០២៦ ហើយ​ក្រុម​ចិន​ត្រូវតែ​លេង​»។ សម្ដី​របស់ Jankovic បាន​ប្រាប់​អ្នកយកព័ត៌មាន។


“​យើង​មាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវ​ធ្វើ​… យើង​គ្មាន​ពេល​ខ្ជះខ្ជាយ​ទេ។ ខ្ញុំ​យល់ស្រប​ទាំងស្រុង​ថា គោលដៅ​ធំ​ត្រូវ​បាន​កំណត់​ដោយ​អ្វី​ដែល​យើង​ធ្វើជា​រៀងរាល់ថ្ងៃ​។ ខ្ញុំ​មិន​មាន​អ្វី​ប្លែក​ទេ​នៅ​ពេល​រៀបចំ​ការ​ប្រកួត​ធំៗ និង​ការ​ប្រកួត​មិត្តភាព។ យើង​ត្រូវតែ​ចាប់ផ្ដើម​អនុវត្ត​សេចក្ដី​លម្អិត​ទាំងអស់​ពី​ការ​ហ្វឹកហាត់​ដំបូង​របស់​យើង​នៅ​ថ្ងៃស្អែក​»។

Jankovic ដែល​ត្រូវបាន​តែងតាំង​កាលពី​សប្ដាហ៍​មុន​នឹង​ដឹកនាំ​ក្រុម​នៅ AFC Asian Cup នៅ​ខែ​មករា​ខាង​មុខ និង​វគ្គ​ជម្រុះ​សម្រាប់ World Cup។


ចិន ដែល​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ ៨០ ក្នុង​តារាង​ពិភពលោក ជាប់​ចំណាត់ថ្នាក់​លេខ ២ នៅ​ពាន​ទ្វីប​អាស៊ី AFC Asian Cup ក្នុង​ឆ្នាំ ១៩៨៤ និង ២០០៤

No comments:

Post a Comment